ក្រុមហ៊ុន Sony នឹងបញ្ជាក់ព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងកុងសូល PlayStation 5 នៅយប់នេះ
ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកគាំទ្រម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុន Microsoft ប្រាកដជាបានដឹងច្បាស់ហើយថា កាលពី 2 ថ្ងៃមុននេះ Microsoft បានធ្វើការលាតត្រដាងលក្ខណៈសម្បត្តិពិសេសៗទាំងអស់របស់ Xbox Series X ជាផ្លូវការ តែម្តង។ ឃើញដូច្នេះក្រុមហ៊ុន Sony Interactive Entertainment (SIE) ក៏មិននៅបង្អង់យូរដែរ ដោយកាលពីយប់មិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន (PlayStation) ក្រុមហ៊ុន SIE បានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ដែលត្រូវជាថ្ងៃនេះ ពួកគេនឹងបញ្ជាក់ឲ្យយើងបានដឹងបន្ថែមអំពីព័ត៌មានលម្អិតទាក់ទងទៅនឹង PlayStation 5។
លើសពីនេះទៅទៀត ក្រុមហ៊ុន SIE ក៏បានបញ្ជាក់ឲ្យយើងដឹងទៀតថា លោក Mark Cerny ដែលជាអ្នកដឹកនាំក្នុងការផលិតម៉ាស៊ីនហ្គេម PlayStation 5 នឹងចេញមុខមកធ្វើការបង្ហាញអំពីព័ត៌មានលម្អិតទាក់ទងទៅនឹង PlayStation 5 ដោយផ្ទាល់ ថែមទៀតផង។ គួររំលឹកផងថា កាលពីខែមេសា ឆ្នាំ 2019 កន្លងទៅ លោក Mark Cerny ក៏ធ្លាប់បានបញ្ជាក់បង្ហើបប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានដ៏ល្បីឈ្មោះ Wired ថា ម៉ាស៊ីនហ្គេម PlayStation 5 នឹងបំពាក់មកជាមួយបន្ទះឈីប AMD Ryzen (Zen 2) ទំហំ 7nm គួបផ្សំជាមួយក្រាហ្វិកកាត (GPU) របស់ក្រុមហ៊ុន AMD បង្កើតឡើងផ្អែកលើស្ថាបត្យកម្ម Navi អាចគាំទ្រមុខងារ Ray Tracing និងប្រើប្រាស់អង្គផ្ទុកទិន្ន័យជាប្រភេទ SSD ដែលមានល្បឿនគណនាលឿន ក៏ដូចជាអាចគាំទ្រមុខងារ Backwards Compatible (មុខងារដែលអនុញ្ញាតឲ្យ អ្នកអាចលេងហ្គេម PS4 នៅលើម៉ាស៊ីនហ្គេម PS5 បាន) ទៀតផង។ លើសពីនេះទៅទៀត កាលពីខែតុលា ឆ្នាំ 2019 កន្លងទៅនេះ តាមរយៈបទសម្ភាសន៍រវាងលោក Jim Ryan និងភ្នាក់ងារទស្សនាវដ្តីដ៏ល្បីឈ្មោះ Wired ក៏បានធ្វើឲ្យយើងដឹងថា ដៃបញ្ជរបស់ PlayStation 5 នឹងបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីមួយមានឈ្មោះថា “Adaptive Triggers” ហើយបច្ចេកវិទ្យាមួយនេះនឹងត្រូវដាក់នៅលើប៊ូតុង R2/L2 តែម្តង។
បើតាមការពន្យល់របស់ លោក Jim Ryan បាននិយាយថា តាមរយៈបច្ចេកវិទ្យាថ្មីមួយនេះ វាអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍ហ្គេមទាំងអស់ អាចធ្វើការកំណត់កម្លាំងសម្ពាធនៃការប្រើប្រាស់ប៊ូតុង R2/L2 បាន។ ឧទាហរណ៍ដូចជា នៅពេលដែលយើងលេងហ្គេមណាមួយ ហើយដល់ពេលដែលត្រូវយើងត្រូវ ទាញធ្នូ ឬទាញវត្ថុ អ្វីមួយឲ្យត្រលប់ថយក្រោយ ដោយប្រើប្រាស់ R2/L2 នៅពេលនោះអ្នកនឹងមានអារម្មណ៍ថាដូចទាញវត្ថុពិតៗអញ្ចឹងដែរ។ អញ្ចឹងសរុបមកវិញនេះ គឺជាដំណឹងដ៏ល្អសម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្រម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុន Sony ដូច្នេះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា តាមរយៈគេហទំព័រផ្លូវការ PlayStation Blog នៅវេលាម៉ោង 11 យប់នេះ។