Breaking News

ខ្មោចពោះធំ| The big belly ghost

 ខ្មោចពោះធំ| The big belly ghost

 នេះជារឿងមួយដ៏សោកសៅបំផុត ចំពោះនារីវ័យក្មេងម្នាក់អាយុប្រហែលជា២២ឆ្នាំប៉ុណ្ណោះ ហើយនេះជាកូនដំបូងរបស់នាងទៀតផង ។ សោកនាដកម្មនេះបានកើតឡើងចំពោះគ្រួសារលោក សម្បត្តិនិងភរិយា លោកស្រីរចនា ។ អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបានជាងមួយបីខែ ប្រពន្ធរបស់លោកក៏មានទម្ងន់ នេះពិតជាដំណឹងដ៏រីករាយបំផុតសម្រាប់គូស្វាមីភរិយាថ្មី ដែលប្រាថ្នាចង់បានកូនប្រុសស្រីបន្ដពូជពង្សវង្សត្រកូល ប៉ុន្ដែជាអកុសល ព្រហ្មលិខិតពិតជាដាច់មេត្តាណាស់ ។ នៅខែទី០៨ លោកសម្បតិ្តបាននាំភរិយាទៅពិនិត្យផ្ទៃពោះ នៅទីរួមខេត្ត គ្រូពេទ្យបានព្រមានថា ភរិយារបស់លោកអាចខ្វះឈាម អាងត្រគាកមិនបើកល្អនោះទេ ដូចនេះបើសិនជាអាចគួរតែវះកាត់ទៅ ។ លោកនិងភរិយាបានវិលត្រលប់មកផ្ទះវិញដោយទឹកមុខស្រពោន ឪពុកលោកបានឃើញក៏សាកសួរ៖
យ៉ាងម៉េចហើយកូនបានជាមុខក្រៀមក្រំម្ល៉េះ
បាទពុក ពេទ្យថាប្រពន្ធខ្ញុំអាងត្រគាកមិនសូវបើក អាចខ្វះឈាម ពេទ្យផ្ដល់យោបល់អោយយកចិត្តទុកបន្ថែម ហើយអាចជាវះកាត់ទៀតផង
មិនអីទេ!កូន កុំតក់ស្លុតចិត្តអី សម័យនេះទៅហើយពេទ្យគេមានជំនាញណាស់
កន្លងទៅគ្រប់ខែ ជួនជាលោកស្រីរចនា ឈឺពោះឆ្លងទន្លេ ចំពេលដែលគាត់ទៅស្រុកកំណើត តាមពិតប្ដីមិនអោយទៅទេ តែគាត់ចង់ទៅ ហេតុតែស្រលាញ់ប្រពន្ធ ទើបមិនហ៊ានប្រកែក គ្រួសារគាត់នៅឆ្ងាយពេទ្យទៀត ដូចនេះមានតែរកឆ្មបបុរាណជួយបង្កើត តែជាអកុសល ឆ្មបបុរាណមិនអាចជួយគាត់បានទេ គាត់បានបាត់បង់ជីវិតទាំងមិនទាន់សម្រាល ។ ទិដ្ឋភាពដ៏សោកសង្រេងនេះពិតជាធ្វើអោយគ្រប់គ្នាក្ដុកក្ដួល ហើយខ្លោចចិត្តអាណិតអាសូរណាស់ នាយប់នោះ៖
បង!បង!

ខ្មោចពោះធំ| The big belly ghost

លោកសម្បត្តិងាកទៅរកសំលេងឃើញប្រពន្ធ ហើយញញឹមហើយអោបប្រពន្ធ ហើយបន្លឺ!
អូនមកវិញហើយ ម៉េចមិនទូរស័ព្ទប្រាប់ប្ដីអញ្ចឹង
អូនមិនចង់រំខានបង
ចុះកូនយើងយ៉ាងម៉េចហើយអូន អូនឈឺពោះសម្រាលហើយឬនៅ?
នៅទេបង ប្រហែលជាអាចលើសថ្ងៃអេកូហើយ
បង! បើសិនជាអូនមិននៅក្បែរបង បងកុំខូចចិត្តណា
អូន!អូនប្លែកម៉្លេះថ្ងៃនេះ និយាយអីអញ្ចឹង បើសិនជាអូនមិននៅក្បែរបង បងម៉េចនឹងអាចរស់បានទៅ យ៉ាប់ណាស់អូននេះ (ប្ដីលើកដៃអង្អែលក្បាលប្រពន្ធថ្នមៗ) គិតមកដល់កន្លែងនេះសូម្បីតែខ្ញុំក៏ស្រក់ទឹកភ្នែកដែរ ព្រោះបើសិនជាគាត់ដឹងថាប្រពន្ធដែលគាត់កំពុងអោបនេះនាង.........
អាឡូ! សម្បត្តិ (ទូរស័ព្ទពីខាងម្ដាយក្មេក ទាំងទឹកភ្នែក)
បាទ!ម៉ាក់ ម៉ាក់កើតអីបានជាម៉ាក់យំ
អោយម៉ាក់សុំទោសណាកូន ប្រពន្ធរបស់កូននាងបានផុតទៅហើយ
គ្រាន់តែឮដូចនេះលោកសម្បត្តិស្លុតស្មារតី ធ្លាក់ទូរស័ព្ទពីក្នុងដៃរួចងាកមើលប្រពន្ធទាំងទឹកភ្នែកហូរ ៖
អូន!អូនស្លាប់ហើយមែនទេ?
ចាស!អូនស្លាប់ហើយបង អូនសុំទោសដែលអូនមិនអាចថែរក្សាពាក្យអោយបងបាន អូនមិនអាចផ្ដល់កូនជាទីស្រលាញ់ដល់បងបាន
លោកសម្បតិ្តអោយប្រពន្ធយ៉ាងណែន ទាំងអួលដើមក និយាយទៅកាន់នាងថា៖
តើអោយបងរស់នៅយ៉ាងណាទៅ? ជាតិនេះបើបងគ្មានអូនទេ​បងមិនអាចរស់បានទេ
ទេបង! បងកុំគិតខ្លីអី ធ្វើម៉េចបើនិស្ស័យយើងទាំងពីរបានតែប៉ុណ្ណឹង បងនៅមានគ្រួសារ បងមិនអាចព្រោះតែអូន បងគិតខ្លីបែបនេះទេ (លោកសម្បតិ្តយំអោយប្រពន្ធរហូតដល់សន្លប់បាត់បង់ស្មារតី)
កូនប្រុស!កូនប្រុស (សំលេងប៉ារបស់លោកសម្បតិ្ត) កូន!ដឹងខ្លួនឡើង!

ខ្មោចពោះធំ| The big belly ghost

លោកសម្បតិ្តដឹងខ្លួនឡើងនិយាយមិនចេញ ដូចមនុស្សគ្មានវិញ្ញាណ លោកអង្គុយទ្រឹងបានត្រឹមតែទឹកភ្នែកហូរឥតល្ហែ ។
ក្រោយពីបញ្ចុះរួច នេះពិតជាហេតុការណ៍ដ៏គួរអោយតក់ស្លុត ហើយរន្ធត់ណាស់ នាយប់ម៉ោង១២កណ្ដាលអាធ្រាត្រ អ៊ុំណារី វ័យជាង៥៥ឆ្នាំ ដែលជាអ្នករស់នៅជិតតំបន់កប់ខ្មោច​ ស្រាប់តែបានធុំក្លិនស្អុយចម្លែកជាប់ច្រមុះ គាត់ដើររកមើលចុះឡើងមិនឃើញ ស្រាប់តែនៅចំកណ្ដាលផ្ទះរបស់គាត់គឺជាសាកសពលោកស្រីរចនា កំពុងហើយស្អុយរលួយ ភ្នែកលៀនធំ មានដង្កូវចោះស៊ី ហើយសំលឹងមករកគាត់ ស្រែកអោយគាត់៖
មីងៗ ជួយខ្ញុំផង ខ្ញុំសម្រាលមិនរួចទេ មីង
អ៊ុំណារី ស្រែកឡើងភ្លាត់មាត់ដើម្បីអោយអ្នកនៅក្បែរមកជួយ “ជួយផង ៗ ខ្មោចលង” ឮតែប៉ុណ្ណេះគាត់ក៏សន្លប់បាត់មាត់បាត់កតែម្ដង ។ ពេលដឹងខ្លួនឡើងវិញមានអ្នកជិតរោមគាត់ជិតឈឹង ហើយសួរគាត់ គាត់ក៏បានប្រាប់ពីហេតុការណ៍ដែលបានកើតឡើង ម្នាក់ៗខ្លាចគ្រប់គ្នា ។ នៅយប់បន្ទាប់ៗមកទៀតអស់ជិតមួយសប្ដាហ៍ដែលលោកស្រីរចនា បានដើរលងបន្លាចគេគ្រប់គ្នានៅជិតនោះ ដោយ      អាការៈប្លែកៗសព្វបែបយ៉ាង មានអ្នកខ្លះឈឺជ្រុះសក់ អ្នកខ្លះព្រលឹមឡើងនៅលើចុងឈើក៏មាន ។ ដំណឹងនេះបានឮទៅដល់លោកសម្បតិ្ត គាត់ក៏សម្រេចចិត្តនិមន្ដព្រះសង្ឃទៅបង្សុកូលដល់ផ្នូររបស់នាង ហើយនេះក៏ជាពេលវេលាដ៏កំសត់មួយទៀតដែរ ខ្មោចប្រពន្ធលោកសម្បត្តិឈរយំនៅមុខផ្នូរជាមួយប្ដី ។ លោកសម្បត្តិបាននិយាយថា៖ បើអូនស្លាប់ហើយ សុំអូនទៅអោយបានសុខកុំលងបន្លាចគេអី កុំអោយមានកម្មណាអូន ចូរអូនស្ដាប់ធម៌នៃព្រះសង្ឃនឹងបានឆាប់ទៅចាប់កំណើត បើមានជាតិក្រោយសុំអោយ យើងទាំងពីរបានជួបគ្នាម្ដងទៀត ។ លោកសម្បត្តិបានដាំដើមចេកជ្វាមួយដើមនៅពីលើផ្នូររបស់នាង ចាប់ពីថ្ងៃនោះមកពុំមានអ្នកភូមិណាម្នាក់ត្រូវនាងលងទៀតទេ តែរាល់ខួបមួយឆ្នាំនៃការស្លាប់របស់នាង គេនៅតែឮសំលេងនាងបំពេកូនល្វើយៗ គួរអោយខ្លោចចិត្តបំផុត ។