Breaking News

រឿងខ្មោចកូនង៉ែត| Baby ghost story

រឿងខ្មោចកូនង៉ែត

អ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានគិតនោះទេ សូម្បីតែខ្ញុំក៏មិនធ្លាប់បានគិតដែរ ថាមនុស្សធំទៅពេលដែលស្លាប់អាចលងសាហាវ ដល់ថ្នាក់អ្នកខ្លះឈឺជ្រុះសក់ក៏មាន ប៉ុន្ដែស្ដែងណាស់នេះជារឿងមួយដែលបានកើតឡើង ហើយវាដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំជានិច្ច ។
នារសៀលថ្ងៃមួយក្រោយពីខ្ញុំបានដើរមកពីសាលារៀនវិញ ស្រាប់តែមានផ្ទះនៅក្បែរនោះ ឮសូរសម្លេងយំទ្រហឹងអឺងកង ខ្ញុំបានគិតហើយថាប្រហែលជាក្នុងគ្រួសារមានមនុស្សណាម្នាក់ឈឺធ្ងន់ ឬអាចស្លាប់ក៏ថាបាន ។ ភ្លាមៗនោះខ្ញុំក៏បានដើរចូលទៅសួរដើម្បីដឹងពីហេតុការណ៍ ពិតជាមិនខុសពីខ្ញុំគិតមែន ពិតជាមានមនុស្សក្នុងគ្រួសារស្លាប់មែន ប៉ុន្ដែគឺជាទារកដែលទើបនឹងកើតបានជាងមួយសប្ដាហ៍ប៉ុណ្ណោះ គឺកំពុងតែពេញស្រលាញ់ គួរអោយអាសូរមែន ក្រោយពីដឹងហេតុការណ៍ហើយខ្ញុំក៏លាពួកគាត់មកផ្ទះវិញសិន ដោយមិនបានមើលមុខក្មេងដែលស្លាប់នោះទេ ។
នារាត្រីដ៏ត្រជាក់ស្របជាមួយនឹងសូរខ្យល់វូៗ ពិតជាត្រជាក់ស្រួលណាស់ ប៉ុន្ដែរំពេចនោះសំលេងបទស្មូត្រក៏បានឮឡើងព្រមគ្នាដែរ នឹកដល់រឿងពីល្ងាចពិតជាមានអារម្មណ៍ថាខ្លោចចិត្តអាណិតកូនតូចនោះណាស់ កំពុងតែនឹកក្នុងចិត្តស្រាប់តែ៖
ង៉ាៗៗ!

រឿងខ្មោចកូនង៉ែត

ខ្ញុំផ្ទៀងត្រចៀកស្ដាប់ ថាកូនអ្នកណាគេយំ ប្រហែលជាវាឃ្លានបៅហើយមើលទៅ
ខ្ញុំមិនបានចាប់ភ្លឹកនោះទេ ហើយក៏ដើរទៅរកសំលេងនោះ ស្រាប់តែនៅមុខផ្ទះរបស់ខ្ញុំក្បែរផ្លូវបំបែក ស្រាប់តែឃើញកន្ទបរុំកូនក្មេង ខ្ញុំកើតចិត្តសង្ស័យ ក៏ដើរទៅជិតស្រាប់តែឃើញទារកម្នាក់កំពុងតែយំ ឃើញដូចនោះខ្ញុំក៏ស្ទុះទៅលើកយកមកបី ខ្ញុំសំលឹងមើលមិនដាក់ភ្នែក ពិតជាស្អាតណាស់ ភ្នែកតូច បបូរមាត់ពណ៌ផ្កាឈូកស្រាល គួរអោយខ្នាញ់ណាស់ ប៉ុន្ដែស្រាប់តែខ្ញុំគិតថា តើនរណាគេអីក៏ដាច់ចិត្តម្ល៉េះ បានជាយកកូនដែលស្អាតម្ល៉ឹងទៅបោះចោល ។ គិតរួចហើយខ្ញុំក៏បីក្មេងនោះទៅរកអ្នកផ្ទះខ្ញុំ ស្រាប់តែខ្ញុំបែរមកវិញ បាត់ផ្ទះខ្ញុំអត់ដឹងទៅណា ខ្ញុំមានអារម្មណ៍កំពុងតែនៅក្នុងព្រៃមួយ រោមខ្ញុំព្រឺខ្ញាកៗ បូកផ្សំខ្យល់ត្រជាក់រសៀកៗ ពិតជាស្រៀវឆ្អឹងខ្នងណាស់ ខ្ញុំមិនជឿនឹងភ្នែកទេ ថានៅជុំវិញខ្ញុំសុទ្ធតែម៉ុងខ្មោច ហើយខ្ញុំកំពុងតែឈរនៅពីមុខម៉ុងមួយ ដែលបានដាក់ឈ្មោះថា ផាវី អាយុ០៧ថ្ងៃ ប៉ុន្ដែម៉ុងមិនទាន់ធ្វើហើយនៅឡើយទេ ។ ពេលនោះខ្ញុំពិតជាស្រឡាំងកាំងមែន ថាហេតុដូចម្ដេចទើបខ្ញុំអាចមកនៅទីនេះបាន ទីនេះឆ្ងាយពីផ្ទះខ្ញុំជាង ០៥គីឡូដីឯណោះ ដោយមានអារម្មណ៍ថាខ្លាចតិចៗដែរ ខ្ញុំក៏គិតដល់ក្មេងដែលខ្ញុំបី ខ្ញុំងាកមកមើលបែរជាបាត់ក្មេងនោះពីដៃ ភ្លាមនោះខ្ញុំដឹងថាប្រាកដជាខ្មោចលងហើយ ។ ខ្ញុំក៏ស្រែកយ៉ាងខ្លាំងអស់ពីក្នុងខ្លួន ដើម្បីអោយគេជួយ ប៉ុន្ដែទោះជាស្រែកយ៉ាងណាក៏គ្មានអ្នកណាឮដែរ ភ្លាមៗខ្ញុំឮសំលេងក្មេងយំ ពេញត្រចៀក គ្រប់ទិសទាំងអស់ មានក្មេងខ្លះគ្មានមុខមាត់ទេ តែហោះសំដៅមករកខ្ញុំ ក្មេងខ្លះទៀតលើមុខមានតែមាត់​យំម្ហបៗ ពិតជាគួរអោយតក់ស្លុតណាស់ ណាមួយនៅក្នុងព្រៃដែលរកកន្លែងចេញមិនឃើញ ណាមួយឃើញសុទ្ធតែខ្មោចកូនក្មេងដែលមានរូបរាងគួរអោយខ្លាចទៀត ពិតជាតក់ស្លុតណាស់ ។ ទាល់តំរិះខ្ញុំក៏សម្រេចចិត្តសង្រួមចិត្តអង្គុយស្ងៀមលើកដៃសំពះហើយបិទភ្នែក រំលឹកដល់គុណព្រះរតនត្រ័យ រំលឹកដល់គុណបុណ្យលោកឪពុកអ្នកម្ដាយ និងកុសលដែលខ្ញុំបានសាងកន្លងមក ហើយបន់ថា” បើសិនជាខ្ញុំមានជំពាក់កម្មជាអ្នក សុំអោយអ្នកបង្ហាញផ្លូវ តែបើខ្ញុំមិនជំពាក់កម្មអ្នកទេ សូមអោយខ្ញុំអាចត្រលប់ទៅផ្ទះវិញចុះ “ ស្រាប់តែភ្លាមនោះមានដៃមួយមកទះស្មារបស់ខ្ញុំ ៖
អាអូនៗ ម៉េចកូនឯងមកនៅកន្លែងហ្នឹង នេះយប់ជ្រៅហើយ ម៉ែខំតែរកកូនឯង ម៉េចម៉ែហៅមិនឆ្លើយ
ខ្ញុំបើកភ្នែកឡើងគឺខ្ញុំកំពុងតែអង្គុយនៅត្រង់ផ្លូវបំបែកមុខផ្ទះដែលខ្ញុំបានឃើញក្មេងនោះ ខ្ញុំក៏បានតបវិញ”មិនអីទេ! ខ្ញុំគ្រាន់តែអផ្សុក ហើយដើរមកអង្គុយលេងតែប៉ុណ្ណោះ” ខ្ញុំក៏បានដើរទៅផ្ទះដេកទៅ ។

រឿងខ្មោចកូនង៉ែត

ថ្ងៃស្អែកពេលព្រឹកខ្ញុំនិងម៉ែបានទៅចូលបុណ្យក្មេងដែលស្លាប់នៅក្បែរនោះ អ្វីដែលខ្ញុំភ្ញាក់ផ្អើលបំផុតគឺពេលខ្ញុំបានឃើញមុខក្មេងនោះគឺដូចក្មេងដែលខ្ញុំបានឃើញពីយប់ នាងពិតជាគួរអាណិតណាស់ ខ្ញុំក៏បានប្រាប់រឿងរ៉ាវទាំងអស់ទៅម្ដាយរបស់នាង នាងប្រហែលជាឯកោ​ មិនទាន់បានទទួលភាពកក់ក្ដៅពីម្ដាយផង ព្រហ្មលិខិតដាច់មេត្តាផ្ដាច់យកជីវិតទៅ ។ ពេលដែលបានឮហើយម្ដាយនាងយំរិតតែខ្លាំង ហើយលើកដៃសំពះទាំងទឹកភ្នែកថា៖
ជាតិនេះ! កូនកើតមកជាមួយម្ដាយហើយ ប៉ុន្ដែមានបុណ្យតិច កូនក៏ត្រលប់ទៅវិញ បើសិនជាយើងមាននិស្ស័យពីអតីតជាតិមែន សុំកូនកើតមកជាកូនម្ដាយទៀត
សូម្បីតែខ្ញុំក៏ឈរស្រក់ទឹកភ្នែកដែរ កើតចាស់ឈឺស្លាប់ ជីវិតមនុស្សគឺអនិច្ចំ ដូចនេះសូមសាងកុសលបុណ្យអោយច្រើន ហើយសង្ឃឹមថាកុសលទាំងនោះនឹងបញ្ជូនវិញ្ញាណក្ខន្ធរបស់យើងពេលស្លាប់ទៅ   អោយទៅកើតនៅស្ថានសួគ៌ ។

មិនជឿកុំប្រមាថ