ប្រភពមួយបានរកឃើញថាក្រុមហ៊ុន Google កំពុងធ្វើតេស្តវីដេអូកម្រិត 4K 60FPS នៅលើបន្ទាត់ Pixel
ជាការពិតណាស់ ទូរសព្ទឆ្លាតដែលស្ថិតក្នុងត្រកូល Pixel របស់ក្រុមហ៊ុន Google ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់ថា វាមានសមត្ថភាពខ្លាំង ទៅលើការថតរូបភាព ដោយផ្ដល់ជូននូវសាច់ពណ៌បែបធម្មជាតិ, ពន្លឺគ្រប់គ្រាន់ និងដិតច្បាស់ស្អាតផងដែរ។ ទោះបីជាយ៉ាងណាក្ដី វាមិនដូចគ្នាសម្រាប់ការថតវីដេអូឡើយ ដែលនៅមិនទាន់ដល់កម្រិតខ្ពស់ ដូចជាគូប្រជែងលើទីផ្សារនោះទេ ហេតុនេះហើយ ទើបមានប្រភពមួយបញ្ជាក់មកថា ពួកគេបានស្វែងរកឃើញកូដថ្មី ដាក់បង្ហាញពីការថតវីដេអូ 4K ក្នុងកម្រិត 60FPS លើកម្មវិធីកាមេរ៉ារបស់ Pixel តែម្ដង។
ខណៈពេលដែល កាលពីពេលថ្មីៗកន្លងទៅនេះ ប្រភពលេចចេញមកពីវេបសាយ XDA បានចង្អុលបង្ហាញឲ្យឃើញថា Google កំពុងរៀបចំមុខងារថតវីដេអូក្នុងកម្រិត 24FPS ដូចជាខ្នាតកម្រិត Frame Rate ទុកសម្រាប់ថតបែបលក្ខណៈខ្សែភាពយន្ដ ដោយនាពេលឥឡូវនេះ ពួកគេបានប្រទះឃើញថែមទៀតថា Google ក៏កំពុងចង់បន្ថែមជម្រើសថតវីដេអូ 4K (3840×2160p) នៅក្នុងកម្រិត 60FPS ដែរហើយ។ ចំណែកឯកូដថ្មីៗទាំងអស់នេះ ត្រូវបានលាក់ទុកនៅក្នុងកម្មវិធី Google Camera 7.4 ជំនាន់សាកល្បង សម្រាប់ទូរសព្ទឆ្លាតរបស់ Pixel ប៉ុន្ដែពួកគេមិនទាន់ដឹងច្បាស់ថា Pixel ម៉ូឌែលណាខ្លះនៅឡើយទេថា នឹងអាចទទួលបាននូវមុខងារថតវីដេអូថ្មីៗនេះ។ បើយោងតាម Google និយាយប្រាប់កាលពីមុនថា មូលហេតុដែលទូរសព្ទឆ្លាតត្រកូល Pixel មិនមានបំពាក់មុខងារថតវីដេអូ 4K 60FPS គឺព្រោះតែពួកវាមានអង្គផ្ទុកទិន្នន័យទំហំតូច។ ការថតវីដេអូ 4K 60FPS នៅក្នុងការថតមួយនាទី គឺអាចចំណាយឡើងដល់ទៅទំហំ 500MB ឯណោះ ដោយឡែកពពួកត្រកូល Pixel មានទំហំផ្ទុកខ្ពស់បំផុតត្រឹមតែ 128GB ហើយតូចបំផុតមានត្រឹមតែ 64GB ប៉ុណ្ណោះ។
មើលទៅ ជាទីបំផុត Google ប្រាកដជាបានប្ដូរចិត្តវិញហើយ នឹងមានគម្រោងបើកជម្រើសថតវីដេអូ 4K 60FPS ដល់អតិថិជនរបស់ខ្លួន ប៉ុន្ដែយើងមិនទាន់ដឹងថា Pixel ម៉ូឌែលណាខ្លះ ដែលអាចទទួលបានវានៅឡើយទេ។ នៅពេលដែល Google ទម្លាក់ជម្រើសថតវីដេអូថ្មីនេះ ឲ្យប្រើប្រាស់ជាផ្លូវការ នោះក្រុមការងារយើងនឹងចុះផ្សាយជូនភ្លាមៗ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។
ប្រភព ៖ XDA