ពិតជាគួរអោយអាណិតមែនសិស្សសាលាស្រីមួយអ្នកត្រូវសិស្សសាលាស្រីមួយក្រុមទៀតចវាយធ្វើបាប
(ភ្នំពេញ)៖ យុវតីសិស្សថ្នាក់ទី១០ម្នាក់ ឈ្មោះ ផង់ ភិជ្ជរ៉ា ផានុត នៃវិទ្យាល័យជម្ពូវ័ន ដែលរងគ្រោះព្រោះអំពើហិង្សា ដោយត្រូវសិស្សសាលាឈ្មោះ ស្រ៊េន ចន្ទ្រា និងបក្ខពួកព្រួតគ្នាវាយខ្លួន រហូតដល់មានស្នាមរបួសធ្ងន់ធ្ងរពេញអស់ទាំងខ្លួន បានស្នើសុំដល់ក្រសួងយុត្តិធម៌ ក៏ដូចជាព្រះរាជអាជ្ញា ជួយស្វែងរកយុត្តិធម៌ដល់ខ្លួន ខណៈដែលអ្នកប្រើហិង្សាលើ ខ្លួនបែរជាមានសេរីភាពរស់នៅ ក្រៅរង្វង់ច្បាប់យ៉ាងសប្បាយ ហើយថែមទាំងមើលងាយ និងសើចចំអកឲ្យនាងទៀតផង ធ្វើឲ្យនាងមានការឈឺចាប់យ៉ាខ្លាំង និងស្នើសុំឲ្យលោកព្រះរាជអាជ្ញា ក៏ដូចជាក្រសួងយុត្តិធម៌មេត្តា ជួយអន្តរាគមន៍រកយុត្តិធម៌បានដល់រូបនាងផង។
ពេលនេះឪពុកនាង ដែលប្រើហិង្សាទៅលើគេអ្នកដែលវាយនាង ត្រូវគេចាប់ឃុំខ្លួន បាត់ទៅហើយ ចុះហេតុអីបានជាអ្នកប្រើអំពើហិង្សាដាក់នាងបែរ ជាមានសេរីភាព នៅក្រៅរង្វង់ច្បាប់បាន យ៉ាងដូច្នេះទៅវិញ បើសិនពួកគេមិនព្រួតគ្នាវាយដំលើរូបរាងកាយនាងទេ ខ្លួននាងក៏មិនបាន ទូរស័ព្ទទៅប្រាប់ឪពុកនាងដែរ ហើយឪពុកនាងក៏មិនត្រូវបានប្រើហិង្សា តបតទៅនរណាម្នាក់ដែរ ជាធម្មតាពេលដឹងថាគេព្រួតគ្នាវាយកូនស្រីដល់ថ្នាក់នេះជាទឹកចិត្តឪពុកតើនរណាម្នាក់ទ្រាំបានទៅ។
ជាចុងបញ្ចប់នាងខ្ញុំសុំលើកម្រាមដៃដប់សុំឲ្យក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញាគ្រប់លំដាប់ថ្នាក់ មេត្តាយកជនល្មើសមកទទួលខុសត្រូវ ចំពោះមុខច្បាប់តាមទោសទណ្ឌ ដែលគេបានប្រព្រឹត្តផង ព្រោះរូបរាងកាយមនុស្សម្នាក់ៗ កើតមក ត្រូវបានការពារដោយច្បាប់។
សិស្សស្រីរូបនេះ ក៏បានលើកដៃសំពះសូមអភ័យទោស ពីសំណាក់លោកនាយកសាលាជម្ពវ័ន និងលោកគ្រូ អ្នកគ្រូទាំងអស់កំហុសអចេតនារបស់ខ្លួន ចំពោះរឿងរ៉ាវទាំងអស់ ដែលបានកើតមានឡើង រហូតដល់មានការឃាត់ខ្លួនឪពុក និងបងស្រីថែមទៀត។
សូមជម្រាបថា មន្ដ្រីនគរបាលបំរើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃម្នាក់ និងកូនស្រីច្បងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធការប្រើហិង្សា លើក្មេងស្រីសិស្សសាលាជម្ពូវ័ន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ។
ក្មេងស្រី ផានុត ដែលជាកូនស្រីពៅ និងជាអ្នកមានជម្លោះជាមួយក្រុមសិស្សដទៃទៀត បានលើក ម្រាមដៃដប់សុំអង្វរដល់តុលាការ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ សុំមេត្តាជួយដោះលែងឪពុកវិញ ដោយបានអះអាងថា ឪពុកខ្លួនមិនបានវាយទេ គ្រាន់តែចូលចាប់ និងឃាត់ក្រុមក្មេងៗទាំងនោះតែប៉ុណ្ណោះ។
កូនស្រីបានលើកឡើងថា ឪពុករបស់ខ្លួន ក្រៅពីបម្រើការងារជាមន្រ្តីនគរបាលនោះ គាត់បានឆ្លៀតពេលរត់ម៉ូតូកង់បី ដើម្បីរកថវិកាចិញ្ចឹមគ្រួសារទាំងមូលផងដែរ ដូច្នេះបើឪពុកត្រូវជាប់គុក តើមាន នរណាអាចរកស៊ីចិញ្ចឹមទៅទៀត?
តាមការរៀបរាប់របស់ក្មេងស្រី ឈ្មោះ ផា នុត បាន និយាយថា នាងត្រូវបានក្មេងស្រីមួយក្រុមព្រួតគ្នាវ៉ៃនាង ហើយនាងមិនមានលទ្ធភាពការពារខ្លួនបាន ទើបបានជាទូរស័ព្ទប្រាប់ឪពុកមក ហើយនាងក៏មានការសោកស្តាយផងដែរ បើសិនជានាងមិនខលប្រាប់ឪពុក ក៏មិនបាននាំទុក្ខដល់ឪពុកនាងអីញ្ចឹងផងដែរ។
នាងសុំសំណូមពរ សុំអោយសមត្ថកិច្ច មេត្តាដោះលែងឪពុកនាង ដែលជាជនគ្មានកំហុស បានត្រលប់មកមើលថែទាំនាង និងបងស្រីផ្តល់ភាពកក់ក្តៅ ដល់ពួកនាងដូចដើមវិញ ព្រោះនាងមានតែឪពុកម្នាក់គត់ មិនមានម្តាយដូចក្មេងៗឯទៀតទេ។ បងប្អូននាងទាំង២នាក់ សូមលើកម្រាមដៃដប់សុំអង្វរដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការ មេត្តាជួយដល់ឪពុកនាង បានត្រលប់មកផ្ទះវិញ ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ពួកនាងដូចដើមវិញផង។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅពេលដែលកូនស្រីពៅ បានទូរស័ព្ទទៅឪពុករបស់ខ្លួន មកជួយនៅពេលមានជម្លោះនៅក្នុង សាលា។ ភ្លាមៗនោះគាត់បានចូលចាប់ និងឃាត់ក្រុមក្មេងៗ ទាំងនោះតែត្រូវបានក្រុមសិស្សសាលាចោទថា គាត់បានវាយសិស្សសាលាស្រីផ្សេងទៀត រហូតនគរបាលមូលដ្ឋានប៉ុស្តិ៍ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ៕