Breaking News

ហ្គេមដ៏ភ័យរន្ធត់ Dead by Daylight នៅលើកុំព្យូទ័រ ពេលនេះមកដល់លើ Android និង iOS ជាផ្លូវការ



ដូចដែលប្រិយមិត្តនិយមចូលចិត្តលេងហ្គេម បានដឹងរួចមកហើយថា Dead By Daylight គឺជាហ្គេមបែបភ័យរន្ធត់ និងតម្រូវអោយអ្នកលេងជំនះឧបសគ្គជាច្រើន ដើម្បីអាចរស់រានមានជីវិត ដែលវាត្រូវបានបញ្ចេញដាក់អោយលេងលើកំព្យូទ័រ (Windows) ជាផ្លូវការតាំងពីខែមិថុនា ឆ្នាំ 2016 កន្លងទៅនេះមកម៉្លេះ។ មិនត្រឹមតែប៉ុណ្ណោះ មកទល់ពេលបច្ចុប្បន្ននេះ វានៅតែជាហ្គេម ដែលទទួលបានការគាំទ្រច្រើន ថែមទៀតផង។


ជាក់ស្ដែង កាលពីលើកមុន Behaviour Interactive ដែលជាក្រុមហ៊ុនបានបង្កើតហ្គេមដ៏ល្បីមួយនេះឡើង បានធ្វើការបញ្ជាក់ថាហ្គេម Dead by Daylight សម្រាប់លេងនៅលើស្មាតហ្វូន នឹងត្រូវបានដាក់អោយលេងជាផ្លូវការ ក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះហើយ។ ជាការពិតណាស់ ដូចដែលពួកគេបានសន្យាទុកមុនអញ្ចឹង ខណៈពេលនេះក្រុមហ៊ុន Behavior Interactive បានសម្រេចចិត្តធ្វើការប្រកាសចេញហ្គេម Dead by Daylight Mobile ដើម្បីដាក់អោយលេង ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ជាផ្លូវការហើយ។ ចំពោះ របៀបលេងហ្គេម Dead by Daylight Mobile មួយនេះ មានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង របៀបលេងនៅលើកុំព្យូទ័រអញ្ចឹងដែរ ដោយអាចលេងបែប Multiplayer ជាក្រុម ដែលត្រូវជំនះឧបសគ្គជាច្រើន ក៏ដូចជាគេចពីការតាមសម្លាប់ ដើម្បីអាចរស់រានមានជីវិត និងអាចឈ្នះហ្គេម ជាដើម។ លើសពីនេះទៅទៀត ហ្គេម Dead by Daylight Mobile ត្រូវបានដាក់អោយលេងដោយឥតគិតថ្លៃ ប៉ុន្តែវាមានការទិញ Item ផ្សេងៗនៅក្នុងហ្គេម ផងដែរ។


ជាចុងក្រោយ ឥឡូវនេះហ្គេម Dead by Daylight Mobile ត្រួវបានដាក់អោយទាញយកតាមរយៈ Google Play Store និង Apple App Store នៅតាមបណ្ដាទីផ្សារប្រទេសមួយចំនួនហើយ។ ប៉ុន្តែយ៉ាងណា គួរអោយសោកស្ដាយ សម្រាប់ពេលនេះ Dead by Daylight Mobile មិនទាន់បានដាក់អោយទាញយកពី Play Store និង App Store ក្នុងប្រទេសយើងនៅឡើយទេ ដូច្នេះ យើងមានតែអត់ធ្មត់រង់ចាំមើល បន្តទៀតប៉ុណ្ណោះ។ មួយវិញ ទៀត ប្រសិនបើអ្នកប្រើប្រាស់ទូរសព្ទ Android ហ្គេមនេះ តម្រូវអោយលេងលើ Samsung Galaxy S7 ក៏ដូចជាមានកម្លាំងម៉ាស៊ីនប៉ុណ្ណឹង ឬដំណើរការដោយ Android 7.0 ឬខ្ពស់ជាងនេះ ទើបអាចលេងបាន។ រីឯ iOS វិញ ដើម្បីអាចលេង Dead by Daylight Mobile នេះបាន ប្រសិនបើអ្នកប្រើ iPhone SE, iPhone 6S ឬ ម៉ូឌែលថ្មីផ្សេងទៀត។

ប្រភព ៖ Phone Arena