Breaking News

Facebook Gaming ទទួលបានកម្មវិធីខ្លួនឯង ដើម្បីបន្ដប្រជែងជាមួយ Twitch



ក្រុមហ៊ុន Facebook កំពុងតែត្រៀមប្រកាសចេញនូវ កម្មវិធីថ្មីមួយសម្រាប់ឲ្យអ្នកគាំទ្រទាំងឡាយ ដោយវាត្រូវជាកម្មវិធី Facebook Gaming សម្រាប់ពង្រីកខ្លួនប្រកួតប្រជែងជាមួយ Twitch, YouTube Gaming និង Mixer នេះបើយោងទៅតាមសារព័ត៌មាន The New York Times បានចុះផ្សាយកាលពីពេលថ្មីៗនេះ។ លើសពីនេះទៅទៀត កម្មវិធីសម្រាប់ទស្សនាអ្នកលេងហ្គេមថ្មីមួយនេះ ត្រូវដាក់ឲ្យទាញយកជាផ្លូវការ នៅក្នុងថ្ងៃនេះតែម្ដង ដើម្បីឲ្យកាន់តែងាយស្រួល សម្រាប់អ្នកទស្សនា និងអ្នកបង្កើត Content នៅក្នុងទីនោះ។


ប្រសិនបើគិតមកដល់ពេលបច្ចុប្បន្ននេះ Facebook Gaming ត្រូវបានបើកដំណើរការ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយអ្នកប្រើប្រាស់ Facebook ជាងប្រមាណ 700 លាននាក់ នៃចំនួនអ្នកប្រើប្រាស់សរុបជាង 2.5 ពាន់លាននាក់ សុទ្ធតែចូលចិត្តទស្សនាគេលេងហ្គេមនៅទីនោះ ជាប្រចាំខែរួចមកហើយ។ ជាការពិតណាស់ វាក៏ទទួលបានប្រជាប្រិយភាព មិនអន់ប៉ុន្មាននោះឡើយ ដោយតាមប្រទេសមួយចំនួន ដែលមិនទាន់ស្គាល់វេបសាយ Twitch ច្បាស់ ដូច្នេះហើយពួកគេប្រាកដជា ពេញចិត្តនឹងទស្សនាតាម Facebook Gaming វិញតែម្ដង។ នាពេលសព្វថ្ងៃនេះ យើងត្រូវបើកកម្មវិធី Facebook ហើយចូលទៅកាន់ផ្ទាំង Gaming ទើបបានអាចចាប់ផ្ដើមទស្សនាបាន ប៉ុន្ដែនាពេលឆាប់ៗខាងមុខ នោះវានឹងទទួលបានកម្មវិធីផ្ទាល់ខ្លូនហើយ ដោយមិនចាំបាច់ឲ្យបើកកម្មវិធី Facebook ទៀតនោះទេ។ គួរបញ្ជាក់ផងថា កម្មវិធី Facebook Gaming ត្រូវបានគេរំពឹងទុកថា នឹងដាក់ឲ្យទាញយកនៅលើ Play Store (Android) មុនគេបង្អស់ ដោយឡែកសម្រាប់ App Store (iOS) ប្រហែលជាត្រូវរង់ចាំឲ្យ Apple ផ្ដល់សិទ្ធិអនុញ្ញាតជាមុនសិន ព្រោះពួកគេត្រូវការត្រួតពិនិត្យច្រើនជាង។


នេះពិតជាឱកាសដ៏ល្អមួយសម្រាប់ Facebook ក្នុងការបញ្ចេញកម្មវិធីផ្ទាល់ខ្លួនទៅឲ្យសេវាកម្ម Gaming របស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ ដោយមនុស្សកំពុងតែស្ថិតនៅក្នុងផ្ទះ ដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា ហើយមានពេលទំនេរច្រើនជាងមុន ក្នុងការស្វែងរកអ្វីថ្មីៗ សម្រាប់កំសាន្ដអំឡុងពេលអផ្សុក។ ប្រិយមិត្តទាំងអស់គ្នា អាចចូលទៅកាន់ Play Store និងស្វែងរកកម្មវិធី Facebook Gaming ឬ សូមចុចទីនេះ ដើម្បីធ្វើការចុះឈ្មោះទុកជាមុនបាន។