Breaking News

ការប្រកួត eSports របស់ហ្គេម Call of Duty: Mobile មានរង្វាន់សរុបដល់ទៅ 1 លានដុល្លារ


កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបង្កើតហ្គេម Activision បានធ្វើការដាក់បង្ហាញ ឲ្យអ្នកគាំទ្រទាំងឡាយបានដឹងអំពី ការប្រកួតខ្នាតអន្ដរជាតិដ៏ធំ សម្រាប់ហ្គេម Call of Duty: Mobile របស់ខ្លួន ដែលមានឈ្មោះហៅថា World Championship 2020 Tournament ខណៈពេលដែលហ្គេមនេះ កំពុងតែមានប្រជាប្រិយភាពខ្ពស់ ពីអ្នកលេងជុំវិញពិភពលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ការប្រកួតប្រជែងជាលក្ខណៈ eSports លើកនេះ នឹងមានផ្ដល់ជូននូវរង្វាន់ សរុបរហូតដល់ទៅ 1 លានដុល្លារឯណោះ ដោយរួមបញ្ចូលទាំង សាច់ប្រាក់សុទ្ធ និងវត្ថុនានានៅក្នុងហ្គេមផងដែរ។


តាមរយៈការប្រកាសចេញនេះ Activision បានបញ្ជាក់ប្រាប់ថា ការប្រកួតវគ្គជម្រុះតាមអនឡាញ នឹងចាប់ផ្ដើមនៅថ្ងៃទី 30 ខែមេសានេះ រហូតដល់ថ្ងៃទី 24 ខែឧសភាតែម្ដង ហើយការប្រកួតខ្នាតធំបន្ដទៀត នឹងចាប់ផ្ដើមពីពេលនោះតទៅ។ ចំពោះអ្នកលេងទាំងឡាយណា ដែលអាចទទួលបានពិន្ទុយ៉ាងហោចណាស់ 80 ពិន្ទុ នៅក្នុងពេលលេង Ranked ចំនួន 10 វគ្គដំបូង ជារៀងរាល់មួយសប្ដាហ៍ម្ដង និងមានឱកាសឆ្លងទៅកាន់ ដំណាក់កាលប្រកួតបន្ដទៀត។ ចំណែកឯការប្រើប្រាស់ដៃហ្គេម, ក្ដារចុច និង Mouse គឺត្រូវបានហាមឃាត់ជាដាច់ខាត ក្នុងការប្រកួតប្រជែងនេះ ព្រមទាំងមិនអនុញ្ញាតឲ្យលេងលើកុំព្យូទ័រ ដោយប្រើប្រាស់កម្មវិធី Emulator ថែមទៀតផង។ ហេតុដូច្នេះហើយ ដើម្បីឲ្យការប្រកួតមានស្មើភាពគ្នា គឺតម្រូវឲ្យលេងតាមលក្ខណៈថាច់ស្រ្គីន នៅលើឧបករណ៍របស់អ្នកចូលរួមទាំងនោះ។
***សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតហ្គេម eSports របស់ Call of Duty: Mobile សូមចុចទីនេះ


ជាការពិតណាស់ ហ្គេម Call of Duty: Mobile គឺមានភាពល្បីល្បាញខ្លាំង ដោយវាទទួលបានចំនួនទាញយកសរុប រហូតដល់ទៅប្រមាណ 100 លានដងឯណោះ បន្ទាប់ពីទើបដាក់ឲ្យលេង បានមួយសប្ដាហ៍ប៉ុណ្ណោះ។ យ៉ាងណាមិញ គួរឲ្យសោកស្ដាយផងដែរថា ព្រោះតែហ្គេមបាញ់ប្រហារមួយនេះ មិនត្រូវបានដាក់ឲ្យទាញយកនៅលើ App Store និង Play Store សម្រាប់ប្រទេសយើង ដូច្នេះហើយមានតែតម្រូវឲ្យប្ដូរ App Store ទៅប្រទេសផ្សេងលើវិញ នៅលើឧបករណ៍ iOS  និងទាញយក APK ពីវេបសាយខាងក្រៅ នៅលើឧបករណ៍ Android ទើបអាចដំឡើងលេងបានដែរ។

ប្រភព ៖ The Verge