Breaking News

ទូរស័ព្ទ Legion ទំនងជាភ្ជាប់មកជាមួយកាមេរ៉ាដែលបង្ហាញចេញពីចំហៀងនៃរាងកាយ



ផ្អែកទៅតាមដំណឹង ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា ក្រុមហ៊ុន Lenovo បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតប្រភេទហ្គេម ស្ថិតនៅក្រោមស្លាកសញ្ញា Legion របស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ ទូរសព្ទហ្គេម Legion ត្រូវបានគេរំពឹងថា នឹងត្រូវបែងចែកចេញជា 2 ម៉ូឌែល ហើយពួកវានឹងបង្ហាញខ្លួនមកជាមួយកម្លាំងម៉ាស៊ីនលំដាប់កំពូល ថែមទៀតផង។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Xda Developer យើងបានប្រទះឃើញរូបភាពជាច្រើនសន្លឹក ក៏ដូចជាលក្ខៈសម្បត្តិមួយចំនួនរបស់ទូរសព្ទហ្គេម Legion ផងដែរ។ 


តាមរយៈរូបភាពទាំងនេះ បានបង្ហាញឲ្យយើងដឹងថា ទូរសព្ទហ្គេម Legion នឹងបំពាក់មកជាមួយអេក្រង់លាតពេញ អមមកជាមួយ Speaker ចំនួន 2 ជាប្រភេទ Stereo ស្ថិតនៅចំពីមុខតែម្តង ដោយមួយស្ថិតនៅផ្នែកខាងលើនៃគែមអេក្រង់ និងមួយទៀតស្ថិតនៅផ្នែកខាងក្រោមនៃគែមអេក្រង់។ ជាងនេះទៅទៀត វាក៏បានបញ្ជាក់ឲ្យយើងដឹងថា ទូរសព្ទហ្គេម Legion នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាប្រភេទហូតចុះឡើង ទំហំ 20MP។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាកាមេរ៉ាមុខរបស់វា មិនមែនផុសចេញពីផ្នែកខាងលើនៃតួខ្លួននោះទេ ប៉ុន្តែវាបែរជាផុសចេញពីផ្នែកចំហៀងនៃតួខ្លួនទៅវិញ។ ងាកទៅមើលផ្នែកខាងក្រោយវិញ នៅពេលដែលទូរសព្ទហ្គេម Legion ស្ថិតនៅក្នុងលក្ខណៈផ្តេក យើងឃើញថា វាត្រូវបានរំលេចឡើងដោយសញ្ញាព្រួញទាំងសងខាង គួបផ្សំជាមួយឆ្នូតអូសកាត់ រត់សំដៅទៅរករូបតំណាង Legion ស្ថិតនៅចំកណ្តាល ក៏ដូចជាអមមកជាមួយពាក្យថា Legion ស្ថិតនៅផ្នែកខាងលើ ផងដែរ។ 


តាមរយៈរូបភាពដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងថា ទូរសព្ទហ្គេម Legion នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលទំហំ 64MP និងមួយគ្រាប់ទៀតជាលេនទូលាយទំហំ (Ultra Wide) ទំហំ 16MP។ បន្ថែមពីនេះ ផ្អែកទៅតាមប្រភពខាងលើនេះ បានធ្វើឲ្យយើងដឹងថា ទូរសព្ទហ្គេម Legion នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 865 អមមកជាមួយ RAM ជំនាន់ថ្មី LPDDR5 និងអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.0។ លើសពីនេះ ទូរសព្ទហ្គេម Legion នឹងបំពាក់មកជាមួយបន្ទះបង្ហាញ ដែលមានអេក្រង់ Refresh Rate ខ្ពស់ 144Hz គួបផ្សំជាមួយល្បឿនប៉ះសម្គាល់ដល់ទៅ 270Hz ថែមទៀតផង។