Breaking News

Mi MIX 4 ទំនងជាមានវត្តមាននៅក្នុងឆ្នាំនេះមែន ថែមទាំងអាចបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ


ដូចយើងបានដឹងហើយថា កាលពីឆ្នាំមុន Xiaomi មិនបានបញ្ចេញទូរសព្ទឆ្លាតលំដាប់កំពូល បន្តស៊េរីរបស់ខ្លួន ដែលស្ថិតក្រោមត្រកូល MIX នោះទេ ផ្ទុយទៅវិញ គេបានបញ្ចេញម៉ូឌែលថ្មីមួយ ជាប់ឈ្មោះ MIX នេះដែរ ប៉ុន្តែវាត្រូវបានគេហៅថា Mi MIX Alpha ទៅវិញ ហើយ Xiaomi ក៏បានបញ្ជាក់ដែរថា Mi MIX Alpha និង Mi MIX 4 មិនមែនជាម៉ូឌែលតែមួយនោះទេ។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀត ដែលបង្ហាញទាក់ទងនឹង Mi MIX 4 នេះ និយាយឲ្យចំទៅ ទូរសព្ទឆ្លាតម៉ូឌែលនេះ ទំនងជាមានពិតមែន ហើយកាន់តែពិសេស វាអាចបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខទៀតផង។


ជាការពិតណាស់ នៅក្នុងពេលថ្មីៗនេះ គេបានឃើញថា Xiaomi បានធ្វើការបង្កើតគណនីថ្មីមួយ នៅលើបណ្តាញសង្គម Weibo ដែលបានដាក់ឈ្មោះថា Xiaomi MIX Weibo ដែលនេះហើយជាចំណុចមួយ ដែលធ្វើឲ្យគេគ្រប់គ្នាគិតថា វត្តមានរបស់ទូរសព្ទឆ្លាតត្រកូល MIX របស់ក្រុមហ៊ុនចិននេះ គឺអាចនឹងបង្ហាញខ្លួន ក្នុងពេលឆាប់ខាងមុខនេះថែមទៀតផង។ គួរបញ្ជាក់ដែរថា កាលពីពេលមុន Xiaomi ធ្លាប់មានគណនី សម្រាប់ទូរសព្ទឆ្លាតត្រកូល MIX នេះរួចមកហើយ ប៉ុន្តែគណនីនោះ មិនត្រូវបានគេធ្វើការ Update ជាយូរមកហើយ ខណៈឯពេលនេះ គេក៏បានបង្កើតថ្មីឡើងម្ដងទៀត ដូច្នេះអាចនិយាយបានថា អ្វីដែលមនុស្សជាច្រើនបានគិត គឺទំនងជាមិនខុសនោះទេ។ នៅក្នុងនោះដែរ យើងក៏ឃើញថា មានអ្នកចែកចាយដំណឹងបែកធ្លាយមួយចំនួន ក៏បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Weibo ទាក់ទងនឹងចំណុចនេះដែរ ជាក់ស្ដែងដូចជា ប្រភពឈ្មោះថា Ice Universe បង្ហាញថា Xiaomi អាចនឹងប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលត្រកូល MIX ដែលមានលក្ខណៈល្អបំផុតមួយ នៅក្នុងឆ្នាំនេះ បន្ទាប់ពីគេបានប្រកាសចេញ MIUI 12 ជំនាន់ស្ថេរភាពផ្លូវការរួចរាល់។


ចំណែកអ្នកចែកចាយដំណឹងបែកធ្លាយម្នាក់ទៀតឈ្មោះថា Lie Feng បានរំពឹងទុកថា Mi MIX 4 អាចនឹងភ្ជាប់មកជាមួយ អេក្រង់ដែលមានកម្រិតបង្ហាញដល់ 2K និងកម្រិត Refresh Rate 120Hz ហើយវាក៏អាចមានភ្ជាប់មកជាមួយ មុខងារសាកថ្មឥតខ្សែ កាន់តែលឿនជាងមុន, អាចមានថាមពលថ្មលើសពី 4,500mAh, ទម្ងន់ 205 ក្រាម ជាពិសេសនោះ វាអាចដំណើរការដោយ MIUI 12 ក៏ដូចជាមានភ្ជាប់មកជាមួយលេន Macro ក្នុងកញ្ចប់កាមេរ៉ាដូច Redmi K30 Pro ដែរ។ បើតាមការរំពឹងទុកផ្សេងទៀត ធ្លាប់បានបញ្ជាក់ដែរថា ទូរសព្ទឆ្លាតជំនាន់ថ្មីនេះ វាអាចនឹងត្រូវបាន Xiaomi ធ្វើឡើងដោយមានគែមជុំវិញអេក្រង់ កាន់តែតូចជាងមុន ហើយចំណុចសំខាន់មួយទៀតនោះ គឺថាវាអាចនឹងមានប្រើប្រាស់ កាមេរ៉ាមុខជាប្រភេទលេន ដែលបង្កប់ក្រោមអេក្រង់ថែមទៀតផង។