Samsung នឹងទម្លាក់ One UI 2.1 មក Galaxy S9, S10 និង Note9, Note10 Series ឆាប់ៗនេះ
ដូចដែលយើងបានជ្រាបរួចមកហើយថា មានតែទូរសព្ទឆ្លាតរបស់ Samsung ចំនួន 4 ម៉ូឌែលប៉ុណ្ណោះនៅលើទីផ្សារសកល ដែលបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 និង One UI ជំនាន់ចុងក្រោយ 2.1 នាពេលបច្ចុប្បន្ននេះ នោះគឺ Galaxy S20, Galaxy S20+, Galaxy S20 Ultra និង Galaxy Z Flip។ ដោយពួកវា បានបង្ហាញខ្លួនមកជាមួយស្បែក Interface One UI 2.1 ចេញពីប្រអប់ស្រាប់តែម្ដង។
មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលនេះ Moderator របស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់តាមរយៈការបង្ហោះប្រាប់ថា សម្រាប់ One UI ជំនាន់ 2.1 នឹងអាចត្រូវបានបញ្ចេញអោយប្រើប្រាស់នៅលើទូរសព្ទឆ្លាតម៉ូឌែល Galaxy ផ្សេងទៀត។ ជាក់ស្តែង បើយោងទៅតាមប្រភពព័ត៌មានច្បាស់ការមួយបានបញ្ជាក់ថាស្បែក Interface One UI 2.1 ត្រូវបានគេគ្រោងនឹងទម្លាក់អោយធ្វើការអាប់ដេតមិនត្រឹមតែសម្រាប់ Galaxy S10 និង Galaxy Note10 Series ប៉ុណ្ណោះទេ ដែលវានឹងមានទាំងនៅលើទូរសព្ទឆ្លាតម៉ូឌែល Galaxy S9, S9 Plus និង Galaxy Note9 ថែមទៀតផង។ យ៉ាងណាសម្រាប់ពេលនេះ មិនមានការប្រាប់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ ថាតើពេលណា Samsung នឹងចាប់ផ្តើមបញ្ចេញកំណែអាប់ដេត One UI 2.1 សម្រាប់ទូរសព្ទទាំងអស់នេះ ប៉ុន្តែមានគេបានសន្និដ្ឋានយ៉ាងខ្ពស់ថា Galaxy Note10 និង S10 ស៊េរី នឹងមានអាទិភាពទទួលបានមុនគេ លើម៉ូដែលផ្សេងទៀត ផងដែរ។
មានមូលហេតុ 2 យ៉ាង ដែលគេសន្និដ្ឋានថា Galaxy S10 / Note10 Series នឹងទទួលបានកំណែអាប់ដេត One UI 2.1 នេះមុនគេបង្អស់ ដោយសារពួកវាជាម៉ូឌែលកំពូលកាលពីឆ្នាំមុន និងធ្លាប់ទទួលបានកំណែអាប់ដេត Android 10 ដំបូងគេទៀតផង។ ចំពោះមូលហេតុមួយទៀតគឺដោយសារ Galaxy S9 និង Note9 ទើបតែទទួលបានការអាប់ដេតឡើងទៅកាន់ Android 10 និង One UI 2.0 នាពេលថ្មីៗនេះ ទើបមានការរំពឹងថា Samsung នឹងទម្លាក់ One UI 2.1 ទៅអោយ Galaxy S10 និង Note10 Series មុនគេ។
ប្រភព ៖ Sam Mobile