Breaking News

នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei និយាយថាខ្លួនចង់អោយសេវាកម្ម Google ត្រឡប់មកវិញនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ



ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រូវបានប្រទះជួបនូវបញ្ហា ហាមឃាត់លែងឲ្យធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនអាមេរិកទាំងអស់ ចាប់តាំងពីឆ្នាំ 2019 រហូតមកដល់សព្វថ្ងៃនេះ ដោយសារតែ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទថា ពួកគេអាចលួចទិន្នន័យនានា របស់អ្នកប្រើប្រាស់បាន ហើយបញ្ចូនទៅកាន់ប្រទេសចិនវិញ។ ក្រោយពីលែងអាចប្រើប្រាស់សេវាកម្មរបស់ Google អស់មួយរយៈពេលមក ដោយនៅបទសម្ភាសន៍មួយ កាលពីថ្មីៗនេះ លោក Richard Yu ដែលត្រូវជានាយកប្រតិបត្តិជាន់ខ្ពស់មួយផ្នែកប្រចាំ Huawei បានលើកឡើងពីចំណាប់អារម្មណ៍ ចង់បានសេវាកម្មរបស់ Google មកប្រើលើទូរសព្ទឆ្លាតរបស់ខ្លួនបន្ដទៀត។




បើយោងទៅតាមសារព័ត៌មាន Wired បានចុះផ្សាយឲ្យដឹងថា លោក Richard Yu ចង់ទទួលបានកម្មវិធី និងសេវាកម្មរបស់ Google ជាផ្លូវការមកលើទូរសព្ទឆ្លាតរបស់ខ្លួនវិញ ដើម្បីបន្ដរកប្រាក់ចំណូលដ៏ច្រើន សម្រាប់ជូនទៅឲ្យក្រុមហ៊ុន Google ផងដែរ។ តាមការធ្វើបទសម្ភាសន៍ថ្មីមួយនោះ គាត់ក៏បាននិយាយអះអាងមកថា ក្រុមហ៊ុន Huawei ពិតជាផ្ដល់ជូននូវប្រាក់ចំណូលជាច្រើនចំពោះ Google លើសកម្មភាពសហការគ្នា និងជាដៃគូដ៏ល្អបំផុតមួយ ខណៈពេលពួកគេនៅអាចប្រើប្រាស់ Google Play និងសេវាកម្មដទៃទៀតបាន។ ស្របនឹងពេលនោះផងដែរ គាត់ក៏មានក្ដីសង្ឃឹមថា ខ្លួននឹងអាចទទួលបានអាជ្ញាប័ណ្ណ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកមកវិញ ដោយបើកទ្វាររង់ចាំដំណឹងតែម្ដង។ សម្រាប់ពេលបច្ចុប្បន្ននេះ Huawei នៅបន្ដប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ក្រៅផ្លូវការ លើស្បែក EMUI របស់ខ្លួនដដែល ជាមួយនឹងសេវាកម្ម HMS (Huawei Mobile Services) ផ្ទាល់ខ្លួនតែម្ដង ដើម្បីជំនួសឲ្យសេវាកម្ម GMS (Google Mobile Services) ជាពិសេស។




ទោះបីជាយ៉ាងណាក្ដី  អ្នកគាំទ្ររបស់ Huawei ទាំងឡាយ ទំនងជាមិនអាចឃើញរូបរាងរបស់ HarmonyOS លើទូរសព្ទឆ្លាតឆាប់ៗនេះឡើយ ដោយពួកគេមិនបានបង្ហើបពី ប្រព័ន្ធប្រតិបត្តិថ្មីនេះសោះ តាំងពីពេលប្រកាសចេញដំបូង ព្រមទាំងសម្រេចចិត្តនៅបន្ដប្រើប្រាស់ Android លើស្បែក EMUI ជាមួយម៉ូឌែលកំពូល P40 Series ដដែល ថែមទៀតផង។