Breaking News

រូបថតលេចធ្លាយបង្ហាញថាស្មាតហ្វូន Huawei P40 Pro Plus 5G នឹងមានថាមពលថ្ម 5,000 mAh

រូបថតលេចធ្លាយបង្ហាញថាស្មាតហ្វូន Huawei P40 Pro Plus 5G នឹងមានថាមពលថ្ម 5,000 mAh

ខណៈពេលដែល ពេលវេលានៃការបង្ហាញរបស់ Huawei P40 Series កាន់តែខិតជិតមកដល់ ដំណឹងពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិរបស់ពួកវា នៅតែបន្តលេចឡើងមកជា បន្តបន្ទាប់។ ជាក់ស្តែង ប៉ុន្តែថ្ងៃចុងក្រោយនេះ យើងទទួលបានដំណឹងទាក់ទងទៅនឹង Huawei P40 Series ដល់ទៅ 4 ទៅហើយ ក្នុងនោះមានដូចជា រូបភាពគម្រូរបស់ Huawei P40, P40 Pro និង P40 Pro Plus 5G និងលក្ខណៈសម្បត្តិរបស់ Huawei P40 និង P40 Pro ជាដើម។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញ Twitter មួយមានឈ្មោះថា Xianjingmaoxian យើងក៏បានប្រទះឃើញរូបភាពបែកធ្លាយ ចំនួន 2 សន្លឹក ដែលបង្ហាញឲ្យយើងបានដឹងបន្ថែម ទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ Huawei P40 Series ផងដែរ។ តាមរយៈរូបភាពបែកធ្លាយនេះ បានបញ្ជាក់ឲ្យយើងដឹងកាន់តែច្បាស់ថា Huawei P40 Pro បានបំពាក់មកជាមួយថ្មទំហំ 4,200 mAh ដូចទៅនឹងដំណឹង ដែលយើងទទួលបាន កាលពីម្សិលមិញ ពិតមែន។ តាមរយៈរូបភាពបែកធ្លាយដដែលនេះ ក៏បានធ្វើឲ្យយើងដឹងថា ទូរសព្ទឆ្លាតលំដាប់កំពូលម៉ូឌែលខ្ពស់ផុតលេខ ស្ថិតនៅក្នុងត្រកូល P40 របស់ក្រុមហ៊ុន Huawei គឺ Huawei P40 Pro Plus 5G នឹងបំពាក់មកជាមួយថ្មទំហំធំ 5,000 mAh ឯណោះ។ បន្ថែមពីនេះ ផ្អែកតាមការបញ្ជាក់ របស់កំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីឈ្មោះ Ishan Agarwal បាននិយាយថា Huawei P40 Pro Plus 5G នឹងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 40W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ ដែលមានកម្លាំងដល់ទៅ 40W ថែមទៀតផង ។


រូបថតលេចធ្លាយបង្ហាញថាស្មាតហ្វូន Huawei P40 Pro Plus 5G នឹងមានថាមពលថ្ម 5,000 mAh

លើសពីនេះទៅទៀត តាមរយៈរូបភាពគម្រូរបស់ Huawei P40 Pro Plus 5G ដែលយើងប្រទះឃើញ កាលពីដើមឆ្នាំ 2020 កន្លងទៅ ក៏បានបង្ហាញឲ្យយើងដឹងថា Huawei P40 Pro Plus 5G នឹងបំពាក់មកជាមួយអេក្រង់លាតកោង ទាំងឆ្វេង ទាំងស្តាំ ទាំងលើ និងទាំងក្រោម ស្ទើរតែគ្មានសល់គែម អមមកជាមួយលេនទម្លុះអេក្រង់ មានលក្ខណៈជារាងគ្រាប់ថ្នាំទ្រវែង ស្ថិតនៅជ្រុងខាងឆ្វេង ផ្ទុកទៅដោយសេនស័រចំនួន 3 គ្រាប់។ ចំណែកឯផ្នែកខាងក្រោយវិញ Huawei P40 Pro Plus 5G បានភ្ជាប់មកជាមួយកាណុងកាមេរ៉ារាងចតុកោណ ផ្ទុកសេនស័រសរុបចំនួន 5 គ្រាប់ ដោយ 3 គ្រាប់ស្ថិតនៅផ្នែកខាងឆ្វេងនៃកាណុងកាមេរ៉ា និង 2 គ្រាប់ទៀត ស្ថិតនៅផ្នែកខាងស្តាំនៃកាណុងកាមេរ៉ា។ ចំពោះកម្លាំងម៉ាស៊ីនវិញ Huawei P40 Pro Plus 5G បំពាក់មកជាមួយបន្ទះឈីបកំពូល Kirin 990 5G គួបផ្សំជាមួយជម្រើស RAM ជំនាន់ថ្មី LPDDR5 ទំហំ 12GB។

ប្រភព ៖ Xianjingmaoxian (Twitter)