Motorola Moto Z4 ទទួលបានការធ្វើបច្ចុប្បន្នភាពជាផ្លូវការទៅ Android 10
កាលពីដើមខែមីនាកន្លងទៅនេះ ទូរសព្ទឆ្លាតរបស់ Motorola ម៉ូឌែល Moto G7 បានចាប់ផ្តើមទទួលកំណែអាប់ដេតឡើងទៅកាន់ Android 10 ជំនាន់ចុងក្រោយ ជាផ្លូវការ។ ដោយឡែក សម្រាប់ Motorola Moto Z4 ដំណើរការដោយ Android 9 Pie ដែលបានប្រកាសចេញកាលពីខែឧសភា ឆ្នាំ 2019 កន្លងទៅ ក៏កំពុងទទួលបានកំណែអាប់ដេតថ្មី ឡើងទៅកាន់ Android 10 ថ្មីនេះផងដែរ។
ជាក់ស្ដែង សម្រាប់ទូរសព្ទឆ្លាត Motorola Moto Z4 ដែលបានបង្ហាញខ្លួនជាផ្លូវការ កាលពីឆ្នាំមុន ហើយពេលនោះវាក៏ជាស្មាតហ្វូនលំដាប់មធ្យមមួយ ដោយបានបំពាក់បន្ទះឈីប Snapdragon 675 មានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ OLED ហើយវាត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចេញពីប្រអប់ផ្ទាល់តែម្ដង។ ជាការពិតណាស់ បន្ទាប់ពីក្រុមហ៊ុន Motorola បានធ្វើការទម្លាក់កំណែអាប់ដេតថ្មី ទៅអោយ Moto G7 និង Moto G7 Plus រួចរាល់មក ពេលនេះក្រុមហ៊ុនខាងលើ ក៏បានបញ្ចេញ កំណែអាប់ដេតថ្មីមួយនេះ ទៅអោយ Moto Z4 ផងដែរ។ អត្ថប្រយោជន៍សំខាន់ នៃការអាប់ដេតឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 10 គឺទទួលបានបទពិសោធន៍លើការប្រើប្រាស់ កាន់តែប្រើសើរ និងងាយស្រួលជាងមុន រួមទាំងមុខងារ Dark Mode ថែមទៀតផង។ ចំពោះកំណែអាប់ដេត Android 10 ថ្មីនេះ ត្រូវបាន Motorola ទម្លាក់ទៅអោយ Moto Z4 ចាប់ពីពេលនេះតទៅហើយ។
មិនតែប៉ុណ្ណោះ សម្រាប់ កំណែអាប់ដេតថ្មីនេះ បាននាំយកលក្ខណៈ និងមុខងារពិសេសៗជាច្រើន ធ្វើអោយប្រព័ន្ធដំណើរការកាន់តែប្រសើរ ក៏ដូចជាបានជួសជុលលើបញ្ហាមួយចំនួន ហើយបានពង្រឹងបន្ថែមលើប្រព័ន្ធសុវត្ថិភាព ទៀតផង។ ដូច្នេះ ចំពោះម្ចាស់ Motorola Moto Z4 ដែលកំពុងប្រើលើ Android 9 Pie លោកអ្នកអាចចូលទៅធ្វើការឆែកមើលកំណែអាប់ដេតនេះបាន ដោយគ្រាន់តែចូលទៅ Settings > System > System Updates ជាការស្រេច។
ប្រភព ៖ Phone Arena