Breaking News

ឥឡូវនេះ TikTok មានការទាញយកចំនួន ១ ពាន់លានទាញយកពី Play Store


សម្រាប់មិត្តយុវវ័យភាគច្រើន ប្រាកដជាបានស្គាល់ហើយ នូវកម្មវិធីបង្ហោះវីដេអូខ្លីជាសាធារណៈ នោះគឺ TikTok ដ៏កំពុងទទួលបាន ភាពល្បីល្បាញគ្រប់ទិសទី ហើយសូម្បីតែនៅតាមបណ្តាប្រទេសផ្សេងៗ ក៏មានអ្នកប្រើប្រាស់ ច្រើនលើសលប់ផងដែរ។ គួររំលឹកថា តាមពិតទៅ TikTok បានបង្កើតឡើង ដោយក្រុមហ៊ុនចិន តាំងពីឆ្នាំ 2016 មកម្ល៉េះ ប៉ុន្តែទើបទទួលបានការគាំទ្រខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយធ្វើអោយចំនួនអ្នកទាញយកលេង កាន់តែកើនឡើងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។


ពិតប្រាកដណាស់ កាលពីថ្ងៃម្សិលមិញនេះ មានប្រភពព័ត៌មានមកពី Android Police បានធ្វើការបង្ហាញពីចំនួននៃការទាញយកកម្មវិធីបណ្ដាញសង្គម TikTok – Make Your Day នេះ ដល់អ្នកប្រើប្រាស់អោយបានដឹង ដែលមានអ្នកទាញយកមកប្រើប្រាស់ចេញពី Google Play Store នៅលើទូរដសព្ទឆ្លាត Android បានកើនឡើងដល់ជាង 1,000,000,000+ ឯណោះ ដែលនេះពិតជាចំនួនច្រើន គួរអោយកត់សម្គាល់។ ជាក់ស្ដែង កត្តាដែលជំរុញអោយមានការទាញយកកម្មវិធី TikTok កើនឡើងច្រើនបែបនេះ គេបានធ្វើការប្រាប់បញ្ជាក់ថា មកពីបញ្ហាការរាតត្បាតនៃជំងឺឆ្លងវីរុសកូរ៉ូណា ឬ Covid-19 ដែលធ្វើអោយមនុស្សជាច្រើននៅជុំវិញពិភពលោក បានជាប់គាំងនៅក្នុងផ្ទះមិនហ៊ានចេញទៅខាងក្រៅ ទើបធ្វើអោយពួកគេទាញយកកម្មវិធីបណ្ដាញសង្គមផ្សេងៗ ជាពិសេសកម្មវិធី TikTok នេះតែម្ដង ដើម្បីលេងកំសាន្តអារម្មណ៍ពេលទំនេរផងដែរ។


មួយវិញទៀត កាលពីខែមករា ឆ្នាំ 2020 កន្លងទៅនេះ មានរបាយការណ៍ថ្មីមួយបានបង្ហាញថាកម្មវិធី TikTok – Make Your Day ជាបណ្តាញសង្គមមួយ ដែលចំនួនអ្នកទាញយកពី Play Store ច្រើនមែនទែន ក្នុងឆ្នាំ 2019 នេះ ពោលគឺមានដល់ទៅជាង 700 លានដងឯណោះ ខណៈពេលដែលកម្មវិធី Facebook វិញ គឺមានត្រឹមតែជាង 600 លានដង រីឯកម្មវិធី Messenger មានចំនួនដោនឡូតខ្ទង់ 700 លានដងដូច TikTok ដែរ ប៉ុន្តែវាមានតួលេខទាបជាងបន្តិចផងដែរ។